ព្រះត្រៃបិដក ភាគ ៥០
ក៏កាលដែលព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯលំនៅនៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។
ID: 636855435183310717
ទៅកាន់ទំព័រ៖