ព្រះត្រៃបិដក ភាគ ៥០
បពិត្រលោកម្ចាស់ដ៏ចំរើន បិតាខ្ញុំឈ្មោះបុរាណៈ ជាព្រហ្មចារី ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ ថាជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតាជាន់តុសិត។ បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់នៃបិតារបស់ខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជា បុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ បពិត្រព្រះអង្គដ៏ចំរើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងមិគសាលាឧបាសិកាដូច្នេះថា ម្នាលនាង ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងឯង។ ម្នាលអានន្ទ មិគសាលាឧបាសិកាជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត
ID: 636855435365571142
ទៅកាន់ទំព័រ៖