ព្រះត្រៃបិដក ភាគ ៥០
ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល ទាំងដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបានវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង
ID: 636855436129534838
ទៅកាន់ទំព័រ៖