ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ។
ID: 636855437618279989
ទៅកាន់ទំព័រ៖