ព្រះត្រៃបិដក ភាគ ៥០
កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា
ID: 636855438188492604
ទៅកាន់ទំព័រ៖