ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។
ID: 636855438552253410
ទៅកាន់ទំព័រ៖