ព្រះត្រៃបិដក ភាគ ៥០
កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។
[៧៧] ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាង។ ប្រកបដោយអសទ្ធម្មទាំង ១០ យ៉ាង តើដូចម្តេច។ គឺជាសត្វកំចាត់បង់ (នូវគុណ) ១ ក្រអឺតក្រឱង ១ មានសេចក្តីរវះរវាម ១ ស៊ីច្រើន ១ អាក្រក់ ១ មិនមានសេចក្តីករុណា ១ មានកំឡាំងថយ ១ មានសំឡេងគ្រាវ ១ មានស្មារតីវង្វេង ១ ធ្វើនូវសេចក្តីសន្សំ ១។ ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។
ID: 636855439357859488
ទៅកាន់ទំព័រ៖