ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យរបស់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណា អាវុសោ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ពោលពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្ត របស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន
ID: 636855442124957757
ទៅកាន់ទំព័រ៖