ព្រះត្រៃបិដក ភាគ ៥០
ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តរបស់បុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ធ្វើទុកក្នុងចិត្ត ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្តយ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ក៏ដឹងច្បាស់នូវបុគ្គលនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីក្រោធ មានចិត្តត្រូវសេចក្តីក្រោធ រួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយសេចក្តីក្រោធនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឧបនាហៈ មានចិត្តត្រូវឧបនាហៈ រួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយឧបនាហៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។
ID: 636855442320958967
ទៅកាន់ទំព័រ៖