ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុចូលទៅរកភិក្ខុជាថេរៈទាំងនោះម្តង ៗ ហើយសួរប្រឹក្សាថា បពិត្រលោកដ៏ចំរើន រឿងនេះតើដូចម្តេច សេចក្តីអធិប្បាយនៃរឿងនេះ តើដូចម្តេច ១ លោកដ៏មានអាយុទាំងនោះ រមែងពន្យល់រឿងដែលមិនទាន់ច្បាស់លាស់ផង ធ្វើឲ្យងាយនូវរឿងដែលជ្រៅផង បន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីសង្ស័យច្រើនប្រការផង ១។ ម្នាលភិក្ខុទាំងឡាយ សេនាសនៈ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ កាលបើសេពគប់នូវសេនាសនៈ ប្រកបដោយអង្គ ៥ ហើយ មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ។
[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះកាមច្ឆន្ទៈ ១ លះព្យាបាទ ១ លះថីនមិទ្ធៈ ១ លះឧទ្ធច្ចកុក្កច្ចៈ ១ លះវិចិកិច្ឆា ១។
ID: 636854993966504559
ទៅកាន់ទំព័រ៖