ព្រះត្រៃបិដក ភាគ ៥០
ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំឡាញ់ម្នាក់និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ បើអ្នកត្រូវការចំពោះធនកិច្ចដោយទ្រព្យ ក្នុងកាលណា អ្នកគប្បីប្រាប់ធនកិច្ច (នោះ) ដល់ខ្ញុំ ៗ នឹងឲ្យទ្រព្យដល់អ្នក។ សំឡាញ់នោះ កាលបើធនកិច្ចណាមួយ កើតឡើង ក៏និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំត្រូវការដោយទ្រព្យ ចូរអ្នកឯងឲ្យទ្រព្យ (នោះ) មកខ្ញុំ។ សំឡាញ់នោះ ក៏និយាយយ៉ាងនេះថា ម្នាលសំឡាញ់ បើដូច្នោះ អ្នកចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ កាលជីកក្នុងទីនោះទៅ ក៏មិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេ នែសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីក ក្នុងទីនេះដូច្នេះ។ សំឡាញ់នោះ កាលបើជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន។
ID: 636855443718628909
ទៅកាន់ទំព័រ៖