ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុប្រកបដោយអង្គ ៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយបញ្ញាខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងធម្មវិន័យនេះ។
កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ មិនមានដល់ភិក្ខុ ដោយប្រការទាំងពួង ភិក្ខុបែបនោះ ប្រកបដោយអសេក្ខសីលផង ដោយអសេក្ខសមាធិ ផង (ដោយអសេក្ខបញ្ញាផង) ដោយវិមុត្តិផង ដោយវិមុត្តិញ្ញាណផង
ID: 636854994172796358
ទៅកាន់ទំព័រ៖