ព្រះត្រៃបិដក ភាគ ៥០
ធម៌មានសភាពដូច្នោះ បុគ្គលនោះ ជាអ្នកចេះដឹងច្រើន ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ដោយចិត្ត ចាក់ធ្លុះចំពោះដោយយល់ឃើញ ព្រោះហេតុនោះ អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេសដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនបានធ្វើ សំគាល់ថា ត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនបានត្រាស់ដឹង ទើបពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ មានអភិជ្ឈា មានចិត្តត្រូវអភិជ្ឈារួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយអភិជ្ឈានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។
ID: 636855445644899086
ទៅកាន់ទំព័រ៖