ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុនោះឯង ឈ្មោះថា ប្រកបដោយអង្គ ៥ លះអង្គ ៥ ភិក្ខុនោះឯង ហៅថា ប្រកបដោយគុណ ទាំងអស់ ក្នុងធម្មវិន័យនេះ។
[១៣] ម្នាលភិក្ខុទាំងឡាយ សំយោជនៈនេះមាន ១០ យ៉ាង។ សំយោជនៈ ១០ យ៉ាង តើដូចម្តេច។ គឺសំយោជនៈ ជាចំណែកខាងក្រោម ៥ សំយោជនៈជាចំណែកខាងលើ ៥។ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្តេច។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។ នេះជាសំយោជនៈ ជាចំណែកខាងក្រោម ៥។ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្តេច។ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ នេះជាសំយោជនៈ ជាចំណែកខាងលើ ៥។ ម្នាលភិក្ខុទាំងឡាយ សំយោជនៈមាន ១០ យ៉ាងនេះឯង។
ID: 636854994441791744
ទៅកាន់ទំព័រ៖