ព្រះត្រៃបិដក ភាគ ៥០

​មិន​ពោល​សរសើរ​ការ​ពួន​សម្ងំ​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​ធ្វើ​បដិ​សន្ថា​រៈ​ ​ដល់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​មិន​ពោល​សរសើរ​បុគ្គល​អ្នកធ្វើ​បដិ​សន្ថា​រៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​មិន​ធ្វើ​បដិ​សន្ថា​រៈ​ ​ដល់​ពួក​សព្រហ្មចារី​បុគ្គល​ ​មិន​ពោល​សរសើរ​បុគ្គល​អ្នកធ្វើ​បដិ​សន្ថា​រៈ​ ​ដោយហេតុ​ណា​ ​នេះឯង​ជា​ធម៌​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្រឡាញ់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​គោរព​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​សមណៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាពជា​បុគ្គល​ម្នាក់ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សភាព​យ៉ាងនេះ​ ​ពិតជា​មាន​សេចក្តី​ប្រាថ្នា​ ​កើតឡើង​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ចំពោះ​អាត្មាអញ​អេះ​។​ ​ប៉ុន្តែ​ពួក​សព្រហ្មចារី​បុគ្គល​ ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​ចំពោះ​ភិក្ខុ​នោះ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636855447125483770
ទៅកាន់ទំព័រ៖