ព្រះត្រៃបិដក ភាគ ៥០
[៨៩] គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ព្រះអង្គត្រាស់ថា ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយ យ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ទូលព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់ ក៏មែនពិតហើយ តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកប្រាកដ លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។
ID: 636855448686113033
ទៅកាន់ទំព័រ៖