ព្រះត្រៃបិដក ភាគ ៥០
ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ១ ប្រការនេះ គេតិះដៀល ដោយហេតុទាំង ៣ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុ ២ ប្រការ គេតិះដៀលដោយហេតុ ២ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គួរគេតិះដៀលដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។
ID: 636855468719428873
ទៅកាន់ទំព័រ៖