ព្រះត្រៃបិដក ភាគ ៥០

​កាលដែល​អនាថបិណ្ឌិក​គហបតី​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បរិព្វាជក​ទាំងនោះ​ ​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱនក​ ​សំយុងមុខ​ ​អង្គុយ​សញ្ជប់សញ្ជឹង​ ​គ្មាន​បដិភាណ​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតី​ដឹង​ថា​ ​បរិព្វាជក​ទាំងនោះ​ ​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱនក​ ​សំយុងមុខ​ ​សញ្ជប់សញ្ជឹង​ ​គ្មាន​បដិភាណ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ការចរចា​ទាំងប៉ុន្មាន​ ​(​ដែល​ខ្លួន​និយាយ​)​ ​ជាមួយនឹង​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​ល្អ​ហើយ​ ​ៗ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​ផ្ទញ់ផ្ទាល់​មោឃបុរស​ទាំងនោះ​ ​ឲ្យ​រៀបរយ​តាម​គន្លងធម៌​សព្វ​ ​ៗ​ ​កាល​យ៉ាងនេះ​ចុះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ ​ណែនាំ​អនាថបិណ្ឌិក​គហបតី​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636855472912858724
ទៅកាន់ទំព័រ៖