ព្រះត្រៃបិដក ភាគ ៥០
ម្នាលគហបតី ឮថា ព្រះសមណគោតម តែងតិះដៀលតបធម៌ទាំងនោះ ត្មះតិះដៀល បន្តុះបង្អាប់បុគ្គលមានតបៈ រស់នៅដោយសេចក្តីសៅហ្មងទាំងអស់ តែម៉្យាងមែនឬ។ បពិត្រលោកដ៏ចំរើនទាំងឡាយ ព្រះដ៏មានព្រះភាគ មិនមែនតិះដៀលតបធម៌ទាំងអស់ ទាំងមិនត្មះតិះដៀល បន្តុះបង្អាប់បុគ្គលមានតបៈ រស់នៅដោយសេចក្តីសៅហ្មងទាំងអស់ តែម៉្យាងទេ។ បពិត្រលោកដ៏ចំរើនទាំងឡាយ ព្រះដ៏មានព្រះភាគ តែងតិះដៀលបុគ្គល ដែលគេគួរតិះដៀល តែងសរសើរបុគ្គល ដែលគេគួរសរសើរ បពិត្រលោកដ៏ចំរើនទាំងឡាយ កាលព្រះដ៏មានព្រះភាគ តិះដៀលបុគ្គលដែលគេគួរតិះដៀល សរសើរបុគ្គលដែលគេគួរសរសើរ ព្រះដ៏មានព្រះភាគ ព្រះអង្គសំដែង ចែករលែក ព្រះដ៏មានព្រះភាគនោះ ព្រះអង្គមិនមែនជាអ្នកសំដែងម៉ៅ ក្នុងហេតុនុ៎ះទេ។ កាលដែលវជ្ជិយមាហិតគហបតី និយាយយ៉ាងនេះហើយ មានបរិព្វាជកម្នាក់ និយាយនឹងវជ្ជិយមាហិតគហបតី យ៉ាងនេះថា ម្នាលគហបតី អ្នកចូរបង្អង់សិន អ្នកនិយាយសរសើរគុណ នៃព្រះសមណគោតមណា
ID: 636855473743366226
ទៅកាន់ទំព័រ៖