ព្រះត្រៃបិដក ភាគ ៥០
ម្នាលគហបតី លុះតែបុគ្គលនោះ កាន់យកដោយការសមាទានណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅការសមាទាន មានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេត្រូវកាន់យក។ ម្នាលគហបតី កាលបុគ្គលដំកល់ដោយបធានៈណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ តថាគត ហៅបធានៈ មានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេមិនត្រូវដំកល់។ ម្នាលគហបតី លុះតែបុគ្គលនោះ ដំកល់ ដោយបធានៈណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅបធានៈ មានសភាពយ៉ាងនេះ ថាជាកិច្ច ដែលគេត្រូវដំកល់។ ម្នាលគហបតី កាលបុគ្គលលះ ដោយបដិនិស្សគ្គៈណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ តថាគត ហៅបដិនិស្សគ្គៈ មានសភាពយ៉ាងនេះ ថាជាធម៌ ដែលគេមិនត្រូវលះ។ ម្នាលគហបតី លុះតែបុគ្គលនោះលះ ដោយបដិនិស្សគ្គៈណា អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង តថាគត ហៅបដិនិស្សគ្គៈ មានសភាពយ៉ាងនេះ ថាជាធម៌ ដែលគេត្រូវលះ។
ID: 636855474575683832
ទៅកាន់ទំព័រ៖