ព្រះត្រៃបិដក ភាគ ៥០
សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីចំរើនឡើយ ក៏ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវចំណងរបស់ចិត្ត ៥ បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្ត ៥ ហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនបានសាបសូន្យឡើយ។ សេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ ដែលភិក្ខុ ឬភិក្ខុនីបានលះបង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លាក្នុងព្រះសាស្តាហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទី ១ នេះ យ៉ាងនេះឯង។
ID: 636854995513463040
ទៅកាន់ទំព័រ៖