ព្រះត្រៃបិដក ភាគ ៥០
ដើម្បីបរិសុទ្ធិដល់ពួកសត្វ ដើម្បីកន្លងនូវសោក និងការខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលគួរដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន បើចុះមានតែព្រះអង្គ នឹងជញ្ជូនលោកទាំងមូល ឬលោកពាក់កណ្តាល ឬក៏លោកទាំង ៣ ភាគ យកទៅដោយធម៌នោះ (មិនខាន)។ កាលដែលឧត្តិយបរិព្វាជក និយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កុំឲ្យឧត្តិយបរិព្វាជក បាននូវសេចក្តីយល់ដ៏លាមកថា អាត្មាអញសួរប្រស្នាទាំងអស់ ដែលកើតឡើង ដោយខ្លួនឯង ព្រះសមណគោតមទាល់ មិនឆ្លើយ ពិតជាឆ្លើយមិនរួច ដូច្នេះឡើយ ការបាននូវសេចក្តីយល់នោះ មិនជាប្រយោជន៍ ជាទុក្ខ ដល់ឧត្តិយបរិព្វាជកនោះ អស់កាលយូរ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ មានថេរវាចាចំពោះឧត្តិយបរិព្វាជក យ៉ាងនេះថា ម្នាលអាវុសោ ឧត្តិយៈ បើដូច្នោះ មានតែអាត្មានឹងធ្វើសេចក្តីប្រៀបធៀប ឲ្យអ្នកស្តាប់ ដ្បិតពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ យល់សេចក្តីនៃភាសិតបាន ដោយសារការប្រៀបធៀប។
ID: 636855475619333525
ទៅកាន់ទំព័រ៖