ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុនោះ បានរៀនសូត្រច្រើន បានទ្រទ្រង់ ចាំស្ទាត់រត់មាត់ យល់ច្បាស់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ១ ទាំងបាតិមោក្ខពីរប្រការ ក៏ភិក្ខុនោះចាំស្ទាត់ល្អដោយពិស្តារ ចែករលែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកឈ្លាសក្នុងការរម្ងាប់អធិករណ៍ដែលកើតឡើង ១ ជាអ្នកប្រាថ្នាធម៌ មានសណ្តាប់ធ្នាប់គួរជាទីស្រឡាញ់ មានសេចក្តីត្រេកអរ ដ៏លើសលុប ក្នុងអភិធម្ម និងអភិវិន័យ ១ ជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ១ ជាបុគ្គលគួរជ្រះថ្លា ក្នុងការឈានទៅមុខ និងការត្រឡប់ថយក្រោយ ជាអ្នកសង្រួមដោយល្អ ក្នុងការអង្គុយ សូម្បីក្នុងចន្លោះផ្ទះ ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ប្រសើរ នៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ១។
ID: 636855478686798974
ទៅកាន់ទំព័រ៖