ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីប្រាថ្នា ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសម្រេក ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីប្រាថ្នា ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសម្រេក ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ ក្នុងកាមទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទី ១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាសចាកតម្រេកក្នុងកាយ។បេ។
ID: 636854995896334939
ទៅកាន់ទំព័រ៖