ព្រះត្រៃបិដក ភាគ ៥០

​ប្រាសចាក​តម្រេក​ក្នុង​រូប​ ​មិន​បរិភោគ​ពេញពោះ​ដរាបដល់​ឆ្អែត​ ​ហើយ​រៀបចំ​តែ​ទីដេក​ឲ្យ​ស្រួល​ ​ទី​ផ្អែក​ឲ្យ​ស្រួល​ ​ទី​លក់​ឲ្យ​ស្រួល​ ​មិន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ព្រោះ​ដំ​កល់​ទុក​ ​នូវ​សេចក្តី​ប្រាថ្នា​ ​ឲ្យបាន​ជាពួក​ទេវតា​ណាមួយ​ថា​ ​អាត្មាអញ​ ​សូមឲ្យ​បាន​ជា​ទេវតា​ធំ​ ​ឬ​ទេវតា​តូច​ណាមួយ​ ​ដោយ​សីល​ ​ឬវ័ត​ ​ឬក៏​តបៈ​ ​ឬក៏​ព្រហ្មចរិយៈ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ព្រោះ​ដំ​កល់​ទុក​នូវ​សេចក្តី​ប្រាថ្នា​ ​ឲ្យបាន​ជាពួក​ទេវតា​ណាមួយ​ថា​ ​អាត្មាអញ​ ​សូមឲ្យ​បាន​ជា​ទេវតា​ធំ​ ​ឬ​ទេវតា​តូច​ណាមួយ​ ​ដោយ​សីល​ ​ឬវ័ត​ ​ឬក៏​តបៈ​ ​ឬក៏​ព្រហ្មចរិយៈ​នេះ​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​បង្អោន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​បង្អោន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ព្យាយាម​។​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ផ្តាច់ផ្តិល​នូវ​ចំណង​របស់​ចិត្ត​ទី​ ​៥​ ​នេះ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636854996075705199
ទៅកាន់ទំព័រ៖