ព្រះត្រៃបិដក ភាគ ៥០
[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ១០ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកដើម្បីបូជា គួរទទួលវត្ថុដែលគេតាក់តែងដើម្បីទទួលភ្ញៀវ គួរទទួលទានដែលគេជឿកម្ម និងផលរបស់កម្មហើយបូជា គួរឲ្យបុគ្គលដែលត្រូវការដោយកុសល ប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក។ បុគ្គលទាំង ១០ ពួក តើដូចម្តេច។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ព្រះបច្ចេកសម្ពុទ្ធ ១ ឧភតោភាគវិមុត្តបុគ្គល ១ បញ្ញាវិមុត្តបុគ្គល ១ កាយសក្ខិបុគ្គល ១ ទិដ្ឋិប្បត្តបុគ្គល ១ សទ្ធាវិមុត្តបុគ្គល ១ ធម្មានុសារីបុគ្គល ១ សទ្ធានុសារីបុគ្គល ១ គោត្រភូបុគ្គល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ១០ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកដើម្បីបូជា។បេ។ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។
[១៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានទីពឹង កុំជាបុគ្គល មិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែងនៅជាទុក្ខ។
ID: 636854997216860469
ទៅកាន់ទំព័រ៖