ព្រះត្រៃបិដក ភាគ ៥០
ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកប្រាថ្នាធម៌ មានសេចក្តីពេញចិត្ត ចំពោះការពោលធម៌ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ ក្នុងអភិវិន័យដែរ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មីអនុគ្រោះហើយ រមែងមានសេចក្តីចំរើន កើតប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ ញុំាងពួកកុសលធម៌ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំ មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ ទាំងញុំាងពួកកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំ មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយដែរ។
ID: 636854999172232310
ទៅកាន់ទំព័រ៖