ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើដែលធ្លាប់ធ្វើមកយូរហើយផង នូវពាក្យដែលធ្លាប់និយាយមកយូរហើយផង ពួកភិក្ខុជាថេរៈក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើដែលធ្លាប់ធ្វើមកយូរហើយផង នូវពាក្យដែលធ្លាប់និយាយមក យូរហើយផង បានដែរ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចំរើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯង ជានាថករណធម៌ ១។
ID: 636854999523132380
ទៅកាន់ទំព័រ៖