ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងការកើត និងការរលត់ (ខន្ធ) ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ ជាគ្រឿងអស់ទុក្ខដោយប្រពៃ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងការកើត និងការរលត់ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ ជាគ្រឿងអស់ទុក្ខដោយប្រពៃដែរ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចំរើន កើតប្រាកដ ក្នុងកុសលធម៌ទាំងឡាយ តែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯង ជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានទីពឹង កុំជាបុគ្គលមិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែងនៅជាទុក្ខ។
ID: 636854999706572872
ទៅកាន់ទំព័រ៖