ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ (ធម៌ជាគ្រឿងធ្វើឲ្យមានទីពឹង) មាន ១០ យ៉ាងនេះឯង។
[១៩] ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ (ធម៌ជាគ្រឿងអប់រំដ៏ប្រសើរ) នេះ មាន ១០ យ៉ាង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី។ អរិយវាសៈ ទាំង ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអង្គ ៥ ប្រកបដោយអង្គ ៦ មានគ្រឿងរក្សាចិត្តតែមួយ មានធម៌ជាបង្អែក ៤ បានបន្ទោបង់នូវបច្ចេកសច្ចៈ (សច្ចៈដែលតិរ្ថិយប្រកាន់ប្លែកៗ គ្នា) បានលះបង់នូវការស្វែងរក ជ្រះស្រឡះហើយ មានការត្រិះរិះ មិនកករល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយ មានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ ១០ យ៉ាងនេះឯង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី។
[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ កម្មាសធម្មៈ របស់ពួកជនអ្នកដែនកុរុ ជិតដែនកុរុ។
ID: 636854999985388820
ទៅកាន់ទំព័រ៖