ព្រះត្រៃបិដក ភាគ ៥០
ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមក។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ នេះមាន ១០ យ៉ាង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី។ អរិយវាសៈ ១០ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអង្គ ៥ ប្រកបដោយអង្គ ៦ មានគ្រឿងរក្សាចិត្តតែមួយ មានធម៌ជាបង្អែក ៤ បានបន្ទោបង់នូវបច្ចេកសច្ចៈ បានលះបង់នូវការស្វែងរកជ្រះស្រឡះហើយ មានការត្រិះរិះមិនកករល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយ មានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះបង់អង្គ ៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះកាមច្ឆន្ទៈ បានលះព្យាបាទ បានលះថីនមិទ្ធៈ បានលះឧទ្ធច្ចកុក្កុច្ចៈ បានលះវិចិកិច្ឆា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះអង្គ ៥ យ៉ាងនេះឯង។
ID: 636855000207781540
ទៅកាន់ទំព័រ៖