ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៦ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែកហើយ មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលមានចិត្តព្រងើយ មានស្មារតីដឹងខ្លួន គ្រប់ឥរិយាបថទាំង ៤ បានឮសំឡេងដោយត្រចៀក។បេ។ បានធុំក្លិនដោយច្រមុះ បានជញ្ជក់រសដោយអណ្តាត បានប៉ះផ្សព្វដោយកាយ បានដឹងធម្មារម្មណ៍ដោយចិត្តហើយ មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលមានចិត្តព្រងើយ មានស្មារតីដឹងខ្លួន គ្រប់ឥរិយាបថទាំង ៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៦ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានគ្រឿងរក្សាចិត្តតែមួយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត ដែលមានស្មារតីថែរក្សា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានគ្រឿងរក្សាចិត្តតែមួយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានធម៌ជាបង្អែក ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវរបស់ដែលគួរសេព ពិចារណាហើយ ទើបអត់សង្កត់នូវហេតុដែលគួរអត់សង្កត់ ពិចារណាហើយ ទើបវៀរនូវហេតុដែលគួរវៀរ ពិចារណាហើយ ទើបបន្ទោបង់ នូវហេតុដែលគួរបន្ទោបង់។
ID: 636855000383461588
ទៅកាន់ទំព័រ៖