ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តផុតស្រឡះហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះចាករាគៈ មានចិត្តផុតស្រឡះ ចាកទោសៈ មានចិត្តផុតស្រឡះ ចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តផុតស្រឡះហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា អាត្មាអញបានលះបង់រាគៈហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតចុង ធ្វើមិនឲ្យមានបែបភាព ជាសភាពមិនមានការកើតឡើងតទៅទៀតជាធម្មតា ដឹងច្បាស់ថា អាត្មាអញបានលះបង់ទោសៈហើយ។បេ។ អាត្មាអញ បានលះបង់មោហៈហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតចុង បានធ្វើមិនឲ្យមានបែបភាព ជាសភាពមិនមានការកើតឡើងតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ យ៉ាងនេះឯង។
ID: 636855000916862097
ទៅកាន់ទំព័រ៖