ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង ផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង ផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១.០០០ ជាតិខ្លះ ១០.០០០ ជាតិខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ
ID: 636855002225636955
ទៅកាន់ទំព័រ៖