ព្រះត្រៃបិដក ភាគ ៥០
ពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ នូវភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយវាចាហើយ លោកដ៏មានអាយុ ចូរលះវចីទុច្ចរិត ហើយចំរើនវចីសុចរិតឲ្យត្រឹមត្រូវឡើង។ កាលពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះវចីទុច្ចរិត ហើយចំរើនវចីសុចរិតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីលះ ដោយវាចា មិនបាច់កាយ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលមិនគប្បីលះ ដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ លោភៈ បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ទោសៈ... ម្នាលភិក្ខុទាំងឡាយ មោហៈ... ម្នាលភិក្ខុទាំងឡាយ កោធៈ... ម្នាលភិក្ខុទាំងឡាយ ឧបនាហៈ... ម្នាលភិក្ខុទាំងឡាយ មក្ខៈ... ម្នាលភិក្ខុទាំងឡាយ បលាសៈ... ម្នាលភិក្ខុទាំងឡាយ មច្ឆរិយៈ បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន។
ID: 636855042583285280
ទៅកាន់ទំព័រ៖