ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ចុះឥស្សា ដ៏លាមក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គហបតី ឬគហបតិបុត្ត ក្នុងលោកនេះ បរិបូណ៌ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី។ ខ្ញុំកំដរ ឬអ្នកដែលនៅជ្រកកោនណាមួយ មានសេចក្តីច្រណែន នឹងគហបតី ឬគហបតិបុត្តនោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យគហបតី ឬគហបតិបុត្តនេះ បានបរិបូណ៌ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី ដូច្នេះឡើយ។ ចំណែកខាង សមណៈ ឬព្រាហ្មណ៍វិញ ដែលជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ សមណៈ ឬព្រាហ្មណ៍ណាមួយ មានសេចក្តីច្រណែននឹងសមណៈ ឬព្រាហ្មណ៍នោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យលោកដ៏មានអាយុនេះ បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥស្សា ដ៏លាមក។
ID: 636855042746754630
ទៅកាន់ទំព័រ៖