ព្រះត្រៃបិដក ភាគ ៥០
ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវភាវនាវាទថា ខ្ញុំជាអ្នកបានចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើនប្រាជ្ញាហើយ។ ម្នាលអាវុសោទាំងឡាយ បើលោភៈមិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈ មិនគ្របសង្កត់លោកដ៏មានអាយុនេះ។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើនប្រាជ្ញាហើយ។
ID: 636855044671164700
ទៅកាន់ទំព័រ៖