ព្រះត្រៃបិដក ភាគ ៥០
អាកង្ខវគ្គ ទី៣
[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ ជាអ្នកសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសមានប្រមាណតិច ជាអ្នកសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ (ផ្ទះស្ងាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា
ID: 636855421357859947
ទៅកាន់ទំព័រ៖