ព្រះត្រៃបិដក ភាគ ៥០
មហាវគ្គ ទី៣
[២១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាយណ្ហសម័យ សត្វសីហជាស្តេចម្រឹគ ចេញពីលំនៅ លុះចេញពីលំនៅហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនរួចហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញហើយ ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបចេញទៅរកចំណី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា សត្វសីហៈគិតថា អាត្មាអញ កុំធ្វើពួកសត្វតូច ៗ ដែលដើរទៅរកស៊ីក្នុងទីក្រហេងក្រហូងឲ្យស្លាប់។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សីហៈ នេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតសំដែងធម៌ដល់បរិស័ទ ដោយហេតុណា នេះជាសីហនាទ របស់ព្រះតថាគតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពល របស់ព្រះតថាគតនេះ មាន ១០ ប្រការ គឺព្រះតថាគត ប្រកបដោយពលៈទាំងឡាយហើយ ទើបប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ តថាគតពល ១០ ប្រការ តើដូចម្តេចខ្លះ។
ID: 636855001470263750
ទៅកាន់ទំព័រ៖