ព្រះត្រៃបិដក ភាគ ៥១
ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ កាលបើប្រាថ្នា ត្រូវតែចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនុ៎ះ ព្រះមានព្រះភាគព្យាករដល់យើងទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ ត្រូវចាំទុកនូវសេចក្តីនុ៎ះ យ៉ាងនោះចុះ។ ពួកភិក្ខុទាំងនោះ ត្រេកអរ អនុមោទនា ចំពោះភាសិតរបស់ព្រះមហាកច្ចានៈដ៏មានអាយុថា ករុណា អាវុសោ ហើយក៏ក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ភិក្ខុទាំងនោះ លុះអង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករលែកនូវអត្ថ (នៃឧទ្ទេសនុ៎ះ) ដោយពិស្តារ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈ មិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។
ID: 636864633271051243
ទៅកាន់ទំព័រ៖