ព្រះត្រៃបិដក ភាគ ៥១
បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ទ្រង់ចេញទៅ មិនយូរប៉ន្មាន យើងខ្ញុំទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេប មិនបានចែករលែក នូវអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនធម៌ និងធម៌ បានដឹងសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែកនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងដោយសង្ខេប មិនបានចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន។ បពិត្រព្រះអង្គដ៏ចំរើន យើងទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ
ID: 636864633489383731
ទៅកាន់ទំព័រ៖