ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ រមែងមានមិច្ឆាសមាធិសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសមាធិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសមាធិនោះ រមែងសាបរលាបទៅ ទើបកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ រមែងមានមិច្ឆាញាណៈ សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាញាណៈជាបច្ច័យកើតព្រម អកុសលធម៌ទាំងអស់នោះ របស់បុគ្គលជាសម្មាញាណៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាសម្មាវិមុត្តិ រមែងមានមិច្ឆាវិមុត្តិ សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវិមុត្តិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅ មាន ១០ យ៉ាងនេះឯង។
ID: 636864546651526889
ទៅកាន់ទំព័រ៖