ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថាការប្រែត្រឡប់។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ដែលប្រកបដោយការប្រែត្រឡប់ មិនមែនជាមិនមានការប្រែត្រឡប់ យ៉ាងនេះឯង។
[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវន (ព្រៃស្វាយ) របស់កម្មារបុត្រ ឈ្មោះចុន្ទ ជិតក្រុងបាវា។ គ្រានោះ ចុន្ទកម្មារបុត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្រ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលចុន្ទ អ្នកពេញចិត្តនឹងការស្អាតរបស់អ្នកណា។ ចុន្ទកម្មារបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ [ប្រដាប់សម្រាប់ដាក់ទឹកក្នុងវេលាដើរផ្លូវ គឺក្អម, កំសៀវ, បំពង់, កុណ្ឌី, ទីកោ។] ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត ខ្ញុំព្រះអង្គពេញចិត្តចំពោះការស្អាត របស់ព្រាហ្មណ៍ទាំងនោះ។
ID: 636864635311517951
ទៅកាន់ទំព័រ៖