ព្រះត្រៃបិដក ភាគ ៥១
ម្នាលចុន្ទ ចុះការមិនស្អាតដោយ កាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្សមានចិត្តអាក្រក់ មានដៃប្រឡាក់ឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ មានចិត្តមិនអាសូរចំពោះពួកសត្វ ១ ជាអ្នកលួចទ្រព្យគេ គឺជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ជាអ្នកប្រព្រឹត្តខុសក្នុងកាម គឺជាអ្នកដល់នូវការប្រព្រឹត្តិកន្លងក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការយ៉ាងនេះឯង។ ម្នាលចុន្ទ ការមិនស្អាត ដោយវាចា មាន ៤ ប្រការ តើដូចម្តេច។
ID: 636864636319905627
ទៅកាន់ទំព័រ៖