ព្រះត្រៃបិដក ភាគ ៥១
ម្នាលចុន្ទ ការស្អាតដោយកាយ មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាត ដោយវាចាមាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកលះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំមិនដឹង កាលដឹង និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ និយាយថា ខ្ញុំឃើញ ជាអ្នកមិនពោលពាក្យកុហកទាំងដឹង ដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកលះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ ហើយមិននាំមកប្រាប់ជនទាំងនេះ
ID: 636864637642361267
ទៅកាន់ទំព័រ៖