ព្រះត្រៃបិដក ភាគ ៥១
វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងពួកមនុស្ស អាហារណា ជាអាហារ សម្រាប់ពួកមនុស្ស បុគ្គលនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ បុគ្គលនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងពួកទេវតា អាហារណា ជាអាហារសម្រាប់ពួកទេវតា ទេវតានោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ទេវតានោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។
ID: 636864639947233099
ទៅកាន់ទំព័រ៖