ព្រះត្រៃបិដក ភាគ ៥១
បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតជាមួយពួកទេវតា ទេវតានោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត។បេ។ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយពួកទេវតា ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ម្នាលព្រាហ្មណ៍ ក៏ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ។ ជាណុស្សោណិព្រាហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចម្លែកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ គួរណាស់តែឲ្យទាន គួរណាស់តែធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ព្រោះថា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ។
ID: 636864641277139165
ទៅកាន់ទំព័រ៖