ព្រះត្រៃបិដក ភាគ ៥១
ជាអ្នកមានតម្រេក ក្នុងសេចក្តីព្រមព្រៀង ជាអ្នករីករាយ ក្នុងការព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ១ លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាសំដីពេញចិត្តនៃជនច្រើន ១ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបព្រមដោយប្រយោជន៍ ១ ជាអ្នកមិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្តដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ១
ID: 636864646974085012
ទៅកាន់ទំព័រ៖