ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យពិធីលាងណា ពិធីលាងដ៏ប្រសើរនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៨] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំបញ្ចុះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីស្លេស្មខ្លះ ដើម្បីឃាត់ នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាលភិក្ខុទាំងឡាយ ថ្នាំបញ្ចុះនោះមានមែន តថាគតមិនមែនពោលថា ថ្នាំបញ្ចុះនុ៎ះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ តែថា ថ្នាំបញ្ចុះនោះឯង សម្រេចខ្លះ មិនសម្រេចខ្លះ។
ID: 636864547850155447
ទៅកាន់ទំព័រ៖