ព្រះត្រៃបិដក ភាគ ៥១
មានចិត្តច្រើនដោយអភិជ្ឈា ... មានចិត្តព្យាបាទ... ជាមិច្ឆាទិដ្ឋិ យល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះ មិនមាន លោកខាងមុខ មិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន។ បុគ្គលនោះ រមែងរន្ធត់ដោយកាយ រន្ធត់ដោយវាចា រន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មវៀច វចីកម្មវៀច មនោកម្មវៀច គតិវៀច ឧបបត្តិវៀច។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិពីរយ៉ាងរបស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគតពោលគតិណាមួយ គឺនិរយគតិ មានទុក្ខតែម៉្យាង ឬតិរច្ឆានយោនិគតិ មានជាតិរន្ធត់។
ID: 636864659793768256
ទៅកាន់ទំព័រ៖